ប្រវត្តិ​នៃ​ឈ្មោះ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ល្បីៗ​នៅ​លើ​ពិភព​លោក

តើ​មិត្ត​អ្នក​អាន​ដែល​មាន​ចម្ងល់​ថា​តើ​ឈ្មោះ​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ យើង​ប្រើ​រាល់​ថ្ងៃ​នេះ​បាន​ចេញ​មក​ពី​ណា និង​របៀប​ណា​ដែរ​ឬ​ទេ? តើ​អ្នក​ដែល​គិត​ថា​ពាក្យ “XP” ឬ “Ubuntu” សំដៅ​ទៅ​លើ​អ្វី? ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ចំនួន​មាន​អត្ថន័យ​សាមញ្ញ និង​ខ្លះ​ត្រូវ​ការ​ការ​ពន្យល់​បន្ថែម។ ដូច្នេះ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ​សូម​លើក​យក​នូវ​ចម្ងល់​ទាំង​ នេះ​មក​បកស្រាយ។ យើង​សូម​លើក​យក​ប្រព័ន្ធ​ប្រតិបត្តិការ​ល្បីៗ​មួយ​ចំនួន ដែល​ខ្លះ​អ្នក​បាន​ស្គាល់​រួច​មក​ហើយ និង​ខ្លះ​ទៀត​អ្នក​ពុំ​ទាន់​បាន​ស្គាល់។
I.MS-DOS

MS-DOS មក​ពី​ពាក្យ Microsoft Disk Operating System ដែល​បាន​អាជ្ញាប័ណ្ណ​ពី Quick and Dirty Operating System (QDOS) របស់ Seattle Consumer Products ។ វា​ត្រូវ​បាន​បង្កើត​ឡើង​នូវ​ឆ្នាំ ១៩៨១ ដែល​នៅ​ពេល​នោះ​ប្រព័ន្ធ​ប្រតិបត្តិការ​នៅ​ពុំ​ទាន់​មាន Graphic User Interface (GUI) នៅ​ឡើយ​ទេ ហើយ​រាល់​ការ​ធ្វើ​ការងារ​ផ្សេងៗ​គឺ​តម្រូវ​ឲ្យ​ប្រើ Command-line ទាំង​អស់។ កំណែ​ចុង​ក្រោយ​បង្អស់​របស់ MS-DOS ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ឆ្នាំ ២០០០។ ពាក្យ​ថា DOS មិន​សំដៅ​ប្រាកដ​ទៅ​លើ MS-DOS នោះ​ទេ។ ពាក្យ​ថា DOS គឺ​សំដៅ​ទៅ​លើ Disk Operating System ដែល MS-DOS គ្រាន់​តែ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ក្នុង​ចំណោម​ប្រព័ន្ធ​ ប្រតិបត្តិការ​ប្រភេទ DOS ផ្សេងៗ​ទៀត ដែល​មាន​ដូច​ជា Apple DOS, AmigoDOS, FreeDOS ។ល។
II.Microsoft Windows
ដើម​ឡើយ​ក្រុមហ៊ុន Microsoft មាន​គម្រោង​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ឲ្យ​មាន​លក្ខណ​ងាយ​ស្រួល​ និង​កាន់​តែ​ប្រសើរ​ជាង MS-DOS ដោយ​ដាក់​ឈ្មោះ​ថា Interface Manager ប៉ុន្តែ​ក្រោយ​មក​ក៏​បាន​ប្ដូរ​ទៅ​ជា​ឈ្មោះ Windows ជំនួស​វិញ​ដោយ​សារ​ការ​បញ្ចុះ​បញ្ចូល​ពី​ប្រធាន​ផ្នែក​ទីផ្សារ​របស់ Microsoft គឺ​លោក Rowland Hanson ដោយ​ជឿជាក់​ថា​ជា​ឈ្មោះ​ដែល​អាច​ឲ្យ Microsoft ទទួល​បាន​អតិថិជន​យ៉ាង​ច្រើន។ Windows គឺ​សំដៅ​ទៅ​លើ​ច្រក​មួយ​របស់​កុំព្យូទ័រ​ដែល​ឲ្យ​អ្នក​ប្រើប្រាស់​យក​ជា​ ផ្លូវ​ទៅ​កាន់ GUI ( Graphic User Interface)។ Windows 1.0 បាន​ចេញ​ផ្សាយ​នៅ​ឆ្នាំ ១៩៨៥ តែ​ពុំ​សូវ​បាន​ប្រជាប្រិយភាព​ប៉ុន្មាន​ទេ។ Microsoft ប្រើប្រាស់​លេខ​កំណែ​ជាមួយ Windows រហូត​ដល់​កំណែ 3.1 រហូត​ដល់​គេ​ធ្វើ​ការ​បង្កើត​នូវ Windows ជា​បច្ចេកវិទ្យា​ថ្មី​ដែល​ឲ្យ​ឈ្មោះ​ថា Windows NT (Windows New Technology) ដែល​បាន​ចេញ​ផ្សាយ​នៅ​ឆ្នាំ ១៩៩៣។ បន្ទាប់​មក​ក្រុមហ៊ុន​ក៏បាន​ចាប់​ផ្ដើម​ដាក់​ឈ្មោះ Windows ទៅ​តាម​ឆ្នាំ​ដែល​វា​ចេញ​ផ្សាយ ហើយ​កំណែ​ដំបូង​នោះ​គឺ Windows 95 ដែល​ចេញ​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ ១៩៩៥ ហើយ

បញ្ចប់​ត្រឹម Windows 98 ដែល​ចេញ​ផ្សាយ​នៅ​ឆ្នាំ ១៩៩៨ ហើយ​ក៏​ជា​ប្រភេទ Windows ដែល​ពឹង​ផ្អែក​ទៅ​លើ MS-DOS ចុង​ក្រោយ​បង្អស់​ផង​ដែរ។ Windows ME មក​ពី​ពាក្យ​ពេញ Windows Millennium Edition ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​សម្រាប់​អ្នក​ប្រើប្រាស់​ក្នុង​ផ្ទះ ដែល​ជា Windows ដែល​ប្រើប្រាស់​កូដ​បន្ត​ពី Windows 98 ចុង​ក្រោយ​បង្អស់។ បន្ទាប់​មក Microsoft បាន​ប្រើ​ប្រាស់​ឆ្នាំ​ជា​ឈ្មោះ​ម្ដង​ទៀត​គឺ Windows 2000 Professional ដែល​ធ្វើ​ឡើង​សម្រាប់​មុខ​ជំនួញ​ដែល​ចេញ​ផ្សាយ​ដំណាល​គ្នា​នឹង Windows ME ដោយ​ពឹង​ផ្អែក​លើ Windows NT ជំនួស​វិញ។ នៅ​ឆ្នាំ ២០០១ Microsoft បាន​ចេញ​នូវ​កំណែ​ថ្មី​របស់ Windows គឺ Windows XP ដែល​ពាក្យ XP សំដៅ​លើ eXPerience ហើយ​កំណែ​នេះ​បាន​បន្ត​ដំណើរការ​របស់​វា​មក​ដល់​ឆ្នាំ ២០០៧ ទើប​ក្រុមហ៊ុន​បង្ហាញ​នូវ​កំណែ​ថ្មី Windows Vista ដែល​មាន​បង្កប់​អត្ថន័យ​មួយ​ឃ្លា​គឺ “At the end of the day… what you’re trying to get to is your own personal Vista.”។ បច្ចុប្បន្ន​ក្រុមហ៊ុន Microsoft បាន​ប្រើប្រាស់​ឈ្មោះ​ដ៏​សាមញ្ញ​ក្នុង​ការ​ហៅ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ គេ​គឺ Windows 7 ។ Windows 7 សំដៅ​ទៅ​លើ​កំណែ​ទី៧​របស់ Windows រាប់​ចាប់​ពី Windows 95 មក។ III.Mac OS

Mac OS ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Apple ដែល​បាន​ក្ដោប​យក​ទីផ្សារ​មុន​ពេល​មាន​វត្តមាន Microsoft Windows។ ដើម​ឡើយ​ក្រុមហ៊ុន Apple បាន​ប្រើ​ឈ្មោះ​យ៉ាង​សាមញ្ញ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​គេ​គឺ System ។ ឈ្មោះ​នេះ​បាន​បន្ត​រហូត​ដល់​កំណែ​ទី 7.6 ទើប​ប្ដូរ​ទៅ​ឈ្មោះ​ថា Mac OS ដោយ​យក​ពី​ពាក្យ​កាត់​របស់​កុំព្យូទ័រ​របស់​ខ្លួន Macintosh ដែល​យើង​អាច​ហៅ​ពាក្យ​ពេញ​ថា Macintosh Operating System។ ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​គឺ​ដើម្បី​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចុះបញ្ជី​ កម្មសិទ្ធិបញ្ញា​និង​ប្រើ​ជា​ឈ្មោះ​ផ្ដាច់​មុខ​របស់​ក្រុម​ហ៊ុន Apple តែម្ដង ហើយ Steve Job ធ្វើ​បែប​នេះ​ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ​ក្នុង​ការ​បិទ​នូវ​ទីផ្សារ Macintosh Clone ទាំង​អស់។ នៅ​ឆ្នាំ​២០០១ ក្រុមហ៊ុន Apple បាន​ចេញ​នូវ​ប្រព័ន្ធ​ថ្មី​ដែល​កូដ​របស់​វា​ត្រូវ​បាន​សរសេរ​ឡើង​វិញ​ហើយ​ ខុស​ប្លែក​ពី​កំណែ​ចាស់​ទាំង​ស្រុង ហើយ​ជា​ប្រភេទ Unix-like ពឹង​ផ្អែក​លើ Berkeley Software Distribution (BSD) គឺ Mac OS X ដែល​ជា​កំណែ​ទី១០របស់ Mac OS។ X គឺ​ជា​លេខ១០​រ៉ូម៉ាំង។ បច្ចុប្បន្ន​កំណែ​ចុង​ក្រោយ​របស់ Mac OS X គឺ 10.6 Snow Leopard ហើយ​នឹង​គ្រោង​ចេញ​នូវ​កំណែ​ថ្មី 10.7 Lion ផង​ដែរ។
IV.Linux

Linux គឺ​ជា​ឈ្មោះ​ប្រព័ន្ធ​ប្រតិបត្តិការ​ប្រភេទ Unix-like ដែល​បង្កើត​ឡើង​ដោយ​វិស្វករ​កម្មវិធី​កុំព្យូទ័រ​ជនជាតិ​ហ្វាំងឡង់​ម្នាក់​ ឈ្មោះ Linus Benedict Torvalds នៅ​ឆ្នាំ១៩៩១ ជា​លក្ខណៈ Free and Open Source Software។ ដំបូង​ឡើយ​គាត់​បាន​ដាក់​ឈ្មោះ​វា​ថា Freax អស់​រយៈពេល​ប្រហែល​កន្លះ​ឆ្នាំ ដែល​មក​ពី​ការ​បញ្ចូល​គ្នា​រវាង​ពាក្យ Free និង Freak ហើយ​អក្សរ X សំដៅ​លើ​ពាក្យ​ថា Unix-like។ ប៉ុន្តែ​ដោយ​សារ​តែ​មិត្តភក្ដិ​របស់​គាត់​នៅ​ឯ​សាកលវិទ្យាល័យ Helsinki ឈ្មោះ Ari Lemmke ដែល​ជា​អ្នក​ផ្ដល់​ជា FTP Server ទៅ​ដល់ Linus ដើម្បី​ផ្ទុក​នូវ​ឯកសារ​របស់​គាត់​នោះ បាន​ផ្លាស់​ប្ដូរ​ឈ្មោះ folder របស់ Linus ទៅ​ជា Linux ដែល​សំដៅ​លើ Linus’ Minix វិញ។ Linus ធ្លាប់​បាន​គិត​ពី​ឈ្មោះ Linux ហើយ​ក៏​ធ្លាប់​បោះបង់​វា​ចោល​ម្ដង​ដែរ ដោយសារ​តែ​គិត​ថា​វា​ដូច​ជា​អាត្មានិយម​ពេក តែ​ទីបំផុត​គាត់​ក៏​ជ្រើស​យក​ឈ្មោះ​នេះ។ ដោយសារ​តែ Linux មាន​លក្ខណៈ Fee and Open Source ទើប​មាន​ក្រុមហ៊ុន​ជា​ច្រើន​យក​វា​ទៅ​អភិវឌ្ឍន៍​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ របស់​ខ្លួន​ដែល​គេ​ហៅ​ថា Linux Distribution ឬ Linux Family។ Linux Distribution ល្បីៗ​មួយ​ចំនួន​មាន​ដូចជា ៖

Ubuntu គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ Linux ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Canonical Ltd នូវ​ឆ្នាំ២០០៤។ Ubuntu ជា​ប្រព័ន្ធ​ប្រតិបត្តិការ Linux នាំមុខ​គេ។ ពាក្យ Ubuntu បាន​មក​ពី​ភាសា​របស់​ជនជាតិ​អាហ្វ្រិក​បុរាណ​ដែល​បក​ប្រែ​មក​ថា “humanity to others” និង “I am what I am because of who we all are”។

Debian ជា​ប្រព័ន្ធ​ប្រតិបត្តិការ Linux ដ៏​ចំណាស់​មួយ​បង្កើត​ឡើង​នូវ​ឆ្នាំ១៩៩៣ ដែល​បាន​ឲ្យ​កំណើត​ដល់ Ubuntu។ Debian គឺ​បាន​ពី​ការ​បូក​បញ្ចូល​គ្នា​នៃ​ឈ្មោះ​របស់​អ្នក​បង្កើត​វា​ឈ្មោះ Ian Murdock បូក​ជា​មួយ​ឈ្មោះ​មិត្ត​ស្រី​របស់​គាត់​ឈ្មោះ Debra Lynn។

Red Hat ក៏​ជា​ប្រព័ន្ធ​ប្រតិបត្តិការ Linux ចំណាស់​មួយ​ផង​ដែរ ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Red Hat, Inc តាំង​ពី​ឆ្នាំ១៩៩៥។ ប៉ុន្តែ​នៅ​ឆ្នាំ២០០៤​វា​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា Red Hat Enterprise Linux ជំនួស​វិញ។ ពាក្យ​ថា Red Hat គឺ​ជា​និមិត្តសញ្ញា​នៃ​សេរីភាព​និង​បដិវត្ត​របស់​សហរដ្ឋអាមេរិក​និង​ប្រទេស​ បារាំង។

Fedora ជា​ប្រព័ន្ធ​ប្រតិបត្តិការ Linux ដែល​ឧបត្ថម្ភ​ឲ្យ​ក្រុមហ៊ុន Red Hat, Inc បង្កើត​ឡើង​នូវ​ឆ្នាំ២០០៣ ដោយ​ក្រុម Fedora Project។ វា​ជា​ប្រព័ន្ធ​ប្រតិបត្តិការ Linux នាំមុខ​លេខ​៣ បន្ទាប់​ពី Ubuntu និង Linux Mint។ ឈ្មោះ​របស់​វា សំដៅ​ទៅ​លើ​បុរស​ម្នាក់​ដែល​ពាក់​មួក​ក្រហម​ក្នុង​រូបតំណាង​របស់ Red Hat Enterprise Linux។

SuSE ជា​ប្រព័ន្ធ​ប្រតិបត្តិការ Linux ចំណាស់​មួយ​ផង​ដែរ ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ១៩៩៤ ដោយ​ក្រុមហ៊ុន S.u.S.E។ ពាក្យ SuSE បាន​មក​ពី​ពាក្យ​ជា​ភាសា​អាល្លឺម៉ង់​ថា Software und System Entwicklung ដែល​បក​ប្រែ​ជា​ភាសា​អង់គ្លេស​ថា Software and System Development។ នៅ​ឆ្នាំ២០០៤ ក្រុមហ៊ុន Novell បាន​ទិញ​យក​ក្រុមហ៊ុន SUSE Linux ដែល​ទើប​តែ​ផ្លាស់​ប្ដូរ​ឈ្មោះ​ពី S.u.S.E ទៅ​ជា SUSE Linux មិន​បាន​ប៉ុន្មាន​ខែ​ផង ហើយ​ពាក្យ​ពេញ​របស់​ពាក្យ SuSE ក៏​ត្រូវ​បាន​បោះបង់​ចោល​ជំនួស​ដោយ​ឈ្មោះ SUSE វិញ។ ហើយ​នៅ​ឆ្នាំ២០០៥ ក្រុមហ៊ុន Novell បាន​បង្កើត​នូវ​គម្រោង openSUSE ដែល​ជា​លក្ខណៈ Free និង Open Source។

About khmerlaor

Loveខែ្មរល្អ
This entry was posted in សទ្ទានុក្រម. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s